កណ្ដាល៖ រថយន្ដ HIGHLANDER មួយគ្រឿង បើកបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនឈប់មិនទាន់ បុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងនារីម្នាក់ទទួលរងរបួសធ្ងន់ ។
ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ១៩_២០ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ បៀន វូត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1S-1139 មានអ្នករួមដំណើរម្នាក់ ឈ្មោះ ស្រន ស្រីល័ក ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងបញ្ចូល ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (រងរបួសធ្ងន់) ។ចំណែកភាគីរថយន្ដម៉ាក HIGHLANDER ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AC-2027 (អ្នកបើកបររត់គេចបាត់) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាក HIGHLANDERខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយល្បឿនលឿន ធ្វើដំណើរពីត្បូងទៅជើង ក៏ឈប់មិនទាន់បានបុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់ និងនារីម្នាក់ជាអ្នករួមដំណើររងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ចំណែករថយន្ដនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការពិនិត្យ វាស់វែង រួចកសាងសំណុំរឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ដោយឡែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីរថយន្តបត់ឆ្វេង ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន រីឯម៉ូតូបើកបរល្បឿនលឿន ៕