ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់គួរឲ្យអាណោចអាធម្មបន្ទាប់ជិះម៉ូតូសុខៗត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកបុកប៉ើងប្រមាណ៥ម៉ែត្រ វេលាម៉ោង១និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៧ខែសីហាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវហាន់ណូយកែងនិងផ្លូវ១០០៩ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សពរងគ្រោះមានឈ្មោះទេពបញ្ញាភេទប្រុសអាយុ២៤ឆ្នាំមុខរបជាងកញ្ចក់ស្នាក់ភ្នំពេញថ្មីខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងជ្រុលទៅបុកម៉ូតូវីវ៉ាពណ័ខ្មៅមិនមានស្លាកជិះដោយបុរសម្នាក់ពីត្បូងទៅជើងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងផ្លូវថ្នល់ស្លាប់គួររន្ធត់ហើយរថយន្តបង្ករព្យាយាមបើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានសែនសុខរងចាំសាច់ញ្ញាតិយកឯកសានិងប្រគល់ជូនម្ចាស់វិញ៕