ខេត្តកំពង់ឆ្នាំង៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងរថយន្ដបណ្ដាលអោយមនុស្ស ២នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិ លេខ ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ស្ថិតក្នុង ភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នានេះ រថយន្តមួយគ្រឿងជាប្រភេទរថយន្តធុនធំម៉ាកហ៊ុយហ្សូពណ៌ទឹកសមុទ្រ ក្បាលពណ៌សខៀវពាក់ស្លាកលេខភ្នំពេញ 3A -3303 បើកបរដោយជនមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក កាមរី បាឡែន ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខបាត់ដំបង3B. 2751 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដែរ ក្នុងដំណើរច្រាស់ទិសគ្នា យ៉ាងពេញទំហឹង បណ្តាលអោយមនុស្សជិៈក្នុងរថយន្ត២នាក់ (ម្នាក់ស្រី) បានរងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តម៉ាកកាមរីបាឡែនរងការខូចខាតខ្ទេចមួយកំណាត់មុខ និងរថយន្តធន់ធំ ខូចខាតផ្នែកខាងមុខដូចគ្នា ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕