ស្វាយរៀង ៖ ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នៅវេលាម៉ោង ២១:១៥ នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខកាស៊ីណូ ថាយថិន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ង្វៀង វ៉ាន់សាម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាំខ្លួនមកសាកសួរនៅមូលដ្ឋានកងរាជ អាវុធហត្ថក្រុងបាវិត ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច។ ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថធ្វើការសាកសួរឈ្មោះ ង្វៀង វ៉ាន់សាម បានសារភាពថា៖ ខ្លួនបានទិញថ្នាំញៀនពីបុរសម្នាក់ធ្វើការនៅការដ្ឋានសំណង់ និងស្នាក់នៅទីនោះតែម្តង។ រហូតដល់វេលាម៉ោង ២៣:០០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានឱ្យឈ្មោះ ង្វៀង វ៉ាន់សាម ទៅចង្អុលបង្ហាញកន្លែងស្នាក់នៅរបស់ជនសង្ស័យ។ ក្រោយមកសមត្ថកិច្ចក៏ធ្វើការចាប់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ទៀតនៅចំណុចការដ្ឋានសំណង់នៅខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចាប់បានជនសង្ស័យឈ្មោះ ត្រឹង មិញទៀន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង , ឈ្មោះ ត្រឹង ក្វឹកឌឹក ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតក្នុង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់, ទូរស័ព្ទដៃចំនួន ០២ គ្រឿង, សម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕