ភ្នំពេញ៖ ស្ត្រីកម្មការនីរោងចក្រម្នាក់ ទើបនិងទិញម៉ូតូថ្មី ហើយបានទុកដាក់យ៉ាងត្រឹមត្រូវនៅក្នុងផ្ទះ រួចសម្រានដោយលង់លក់ក្នុងដំណេក មិនដឹងថា ចោរគាស់ទ្វារចូលក្នុងផ្ទះលួចយកទៅបាត់អស់លុយកាក់ ទូរស័ព្ទ លុះព្រឹកឡើងទើបដឹងថាបាត់ម៉ូតូ ផ្អើលឆោឡោឡើង នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះជួលបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះ ខឿន សីហា អាយុ២៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជាស្ត្រីម៉េម៉ាយ មានកូនប្រុស១ម្នាក់ ស្នាក់នៅផ្ទះជួលជាមួយបងប្រុស នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងផ្លុង ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ សម្ភារៈបាតបង់៖ បើតាមការរៀបរាប់របស់ជនរងគ្រោះ ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស សេរី២០២០ ពាក់ស្លាកលេខ ព្រៃវែង 1R-5306, លុយចំនួន៣០០ដុល្លារ, អត្តសញ្ញាណប័ណ ១សន្លឹក, ទូរស័ព្ទដៃចំនួន២គ្រឿង។
តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា គាត់រាល់ថ្ងៃស្នាក់នៅជាមួយបងប្រុសបង្កើត រួមទាំងកូនផងដែរ ហើយមុនកើតហេតុ ម៉ូតូ ដាក់នៅក្នុងផ្ទះ ជាមួយរុឺម៉កកង់បី របស់បងផង រួចចូលសម្រាកបាត់ទៅ ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ភ្ញាក់ពីដំណេក បាត់ម៉ូតូ សម្ភារៈ លុយកាក់ មើលទ្វារក្រោយឃើញចំហរ មានស្នាមគាស់ ដោះកញ្ចក់ ទើបដឹងថា មានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារចូលលួច កាបូបរស់ខ្លួន ឃើញនៅក្រៅផ្ទះ បាត់អស់សម្ភារៈ។
ក្រោយពីដឹងថា ចោរចូលលួចម៉ូតូ លុយកាក់ ទ្រព្យសម្បត្តិ ដឹកដៃកូនរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោចៅទី៣ ឲ្យជួយស្រាវជ្រាវមុខសញ្ញាលួចខាងលើ៕