កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការជិះកង់ពិនិត្យស្ថានភាពផ្លូវលើកទី០៤ ដើម្បីពិនិត្យមើលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥៣ ប្រវែង ២៧ គីឡូម៉ែត្រ ដឹកនាំដោយ ឯកឧត្ដម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្ដម កែវ ពៅ រួមនឹងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការចំនួន ៥០ នាក់ ដើម្បីឱ្យដឹងថាផ្លូវនេះមានប្រេះស្រការនាគ មានជង្ហុក និងដើម្បីមន្ទីរមានវិធានការជួសជុលជាបន្ទាន់កុំឱ្យខូចខាតកាន់តែធ្ងន់ធ្ងរ។
ក្នុងឱកាសនោះ ឯកឧត្ដម កែវ ពៅ បានមានប្រសាសន៍ថាការបើកយុទ្ធនាការជិះកង់មើលផ្លូវជាតិជាក់ស្ដែងនេះគឺ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីថែទាំផ្លូវជាតិក្នុងខេត្ត យើងឲ្យល្អប្រសើរឡើងវិញ៕