ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី ត្រង់ចំណុចតាមផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់រួមមាន ៖ ទី១-ឈ្មោះ នៅ សុខរិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ទី២-ឈ្មោះ ឡុង និត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ទី៣-ឈ្មោះ ពត រ៉ុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤-ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈដកហូត ៖ក្រាមសថ្លា ០២កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខព្រៃវែង 1J-6312 ។
សមត្ថកិច្ចបានបន្តទៀតនៅ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូនរកឃើញវត្ថុតាងខាងលើ រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕